សិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ» នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, May 29, 2026

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ» នៅខេត្តស្វាយរៀង

 

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ» នៅខេត្តស្វាយរៀង

   (ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ»។

   សិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត
 ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោកជំទាវ ភួង សារី សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តយ៉ាងច្រើនកុះករ។

   នៅក្នុងឱកាសបើកសិក្ខាសាលាលោក ម៉ែន អេង អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. ដែលបានជ្រើសរើសខេត្តស្វាយរៀង ជាខេត្តឈានមុខមួយក្នុងការបន្តយុទ្ធនាការផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះ។ លោកបានបញ្ជាក់ថា នេះជាឱកាសដ៏វិសេសវិសាលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព នីតិវិធី និងអត្ថប្រយោជន៍នានានៃរបបសន្តិសុខសង្គម ដើម្បីយកទៅអនុវត្ត ក៏ដូចជាផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ និងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។

   ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងបានរំឮកពីប្រវត្តិសាស្ត្រ និងវឌ្ឍនភាពជាជំហានៗនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា៖
របបសន្តិសុខសង្គមដំបូង៖ បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ក្នុងទម្រង់ជា «របបប្រាក់សោធននិវត្តន៍» ប៉ុន្តែត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការស្តារឡើងវិញ៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានបង្កើតប្រព័ន្ធសន្តិសុខសង្គមឡើងវិញជាបន្តបន្ទាប់សម្រាប់មន្ត្រីសាធារណៈ និងកម្មករនិយោជិត។
ការបង្កើត ប.ស.ស.៖ ផ្អែកលើច្បាប់ស្តីពីរបបសន្តិសុខសង្គមឆ្នាំ២០០២ បេឡាជាតិរបបសន្តិសុខសង្គម (បច្ចុប្បន្នជា បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស.) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។
   
   យោងតាមរបបការណ៍របស់លោក ជួង សំណាង ប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង បានបង្ហាញឱ្យឃើញនូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការចុះបញ្ជី និងការផ្តល់សេវា៖
១. អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន | ១៦,១៤៧ នាក់ | មានមេគ្រួសារ ៣,១៤៣ គ្រួសារ បានយកអ្នកក្នុងបន្ទុកមកចុះបញ្ជីជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្ត (សហព័ទ្ធ៖ ១,៩៧០នាក់, កូន៖ ៤,១០៦នាក់)។ 
២. មន្ត្រីរាជការស៊ីវិល | ៦,៧៧១ នាក់ |
៣. មន្ត្រីជាប់កិច្ចសន្យា/ការងារ | ១,២០០ នាក់ |
៤. មន្ត្រីរាជការ (ជាមេគ្រួសារ) | ២,៥២៩ គ្រួសារ | នាំសហព័ទ្ធ និងកូនមកចុះបញ្ជី (សហព័ទ្ធ៖ ១,៤៨៧នាក់, កូន៖ ៣,៥១៨នាក់)។
៥. មន្ត្រីនគរបាល (ជាមេគ្រួសារ) | ៣៨០ គ្រួសារ | នាំសហព័ទ្ធ និងកូនមកចុះបញ្ជី (សហព័ទ្ធ៖ ២២៥នាក់, កូន៖ ៤៩២នាក់)
៦. ក្រុមប្រឹក្សា/មន្ត្រីកិច្ចសន្យា/មន្ត្រីនយោបាយ | ២៣៧ គ្រួសារ | នាំសហព័ទ្ធ និងកូនមកចុះបញ្ជី (សហព័ទ្ធ៖ ២២០នាក់, កូន៖ ៩៦នាក់) 

   ស្ថិតិការប្រើប្រាស់សេវា៖ គិតចាប់ពីដើមឆ្នាំ២០២៦ មកទល់សប្តាហ៍មុននេះ ចំនួនសមាជិក ប.ស.ស. ក្នុងខេត្តស្វាយរៀង (រួមមានមន្ត្រីរាជការ, មន្ត្រីកិច្ចសន្យា, ក្រុមប្រឹក្សា, មេភូមិ, អនុភូមិ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន) ដែលបានទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ មានចំនួនសរុប ៨៣,០០២ ដង/នាក់។

   សិក្ខាសាលាផ្សព្វផ្សាយនេះ បានបញ្ចប់ទៅប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ដែលជាជំហានដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្រ និងពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ ម៉ឺងម៉ាត់ និងប្រកបដោយបរិយាបន្ន៕

























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages